មន្ត្រី​កម្ពុជា-ថៃ នឹង​ប្រជុំ​គ្នា​ពី​រឿង​ទាហាន​ថៃ​បាញ់​ខ្មែរ

បន្ទាយ​មាន​ជ័យៈ ខណៈ​ដែល​ការ​បាញ់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តែ​កើត​មាន ហើយ​សព​ពលរដ្ឋ​ដែល​គេ​ជឿ​ថា​ស្លាប់​នា​ពេល​ថ្មីៗ​នេះ​មិន​ទាន់​ត្រូវ​បាន​ ដឹក​ចេញ​ពី​ប្រទេស​ថៃ រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា ថៃ​នឹង​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។

អាច​មាន​របៀប​វារៈ​ផ្សេង​ទាក់ទង​នឹង​បញ្ហា​នៅ​ព្រំដែន​ក្រៅ​ពី​ការ​បាញ់​ ពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​លើក​ឡើង​ពិភាក្សា​ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​គឺ​ រដ្ឋាភិបាល ដោយ​លោក ឡុង វិសាលោ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នឹង​ជួប​ ជាមួយ​ភាគី​ថៃ​លោក Jullapong Nonsrichai អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ នា​ថ្ងៃទី​៨ ខែ​ឧសភា ទាក់​ទិន​នឹង​ការ​ព្រួយ​បារម្ភ​នូវ​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​មក​ លើ​ពលរដ្ឋ​កម្ពុជា ពេល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ក្រសួង​ការ​បរទេស​និង​មន្ត្រី​នៅ​ព្រំដែន​បាន​ និយាយ កាល​ពី​ម្សិលមិញ។

លោក សេក សាម៉ន អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​កើត​ឡើង​តាម​ព្រំដែន​នានា​ជាមួយ​ថៃ នឹង​ត្រូវ​លើក​មក​ពិភាក្សា​ផង​ដែរ​ដូច​ជា ពលករ​ឆ្លង​ដែន​ធ្វើការ​នៅ​ប្រទេស​ថៃ។

លោក​ថ្លែង​ថា៖ «ដោយ​សារ​មាន​បញ្ហា​ចេះ​តែ​កើត​ឡើង មាន​បាញ់​ខ្មែរ​ស្លាប់​ទើប​យើង​ប្រជុំ​គ្នា​និង​មាន​ការ​ពិភាក្សា​រឿង​ពលករ​ ឆ្លង​ដែន​ខុស​ច្បាប់​ទៀត មិន​មែន​តែ​រឿង​កាប់​ឈើ​ឡើយ​គឺ​អ្វី​ដែល​ពាក់​ព័ន្ធ​តាម​បណ្តោយ​ព្រំដែន​នឹង ​ត្រូវ​ពិភាក្សា​រក​ដំណោះ​ស្រាយ​ណា​មួយ​ឲ្យ​បាន​សមរម្យ​»។

ក្រសួង​ការ​បរទេស​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃ​ទី​៣០ ខែ​មេសា​ថា គោល​បំណង​នៃ​ការ​ជួប​ប្រជុំ​គ្នា​គឺ​«​ដើម្បី​ទប់​ស្កាត់​ពលរដ្ឋ​កម្ពុជា​ មិន​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ និង​ចៀស​វាង​ការ​បាញ់​សម្លាប់​ពី​សំណាក់​ទាហាន​ថៃ»។

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​គឺ​«ដើម្បី​រៀប​ចំ​ការ​ធ្វើ​ល្បាត​រួម​គ្នា តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ»។

កាល​ពី ថ្ងៃ​ទី២៦ ខែ​មេសា មាន​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​នៅ​តាម​ព្រំដែន​ថា មាន​ពលរដ្ឋ ៧ នាក់ បាន​ស្លាប់​ក្នុង​នោះ​បួន​នាក់​មាន​អត្តសញ្ញាណ និង​លំនៅ​ពិត​ប្រាកដ តែ​បី​នាក់​ផ្សេង​ទៀត​មិន​ត្រូវ​បាន​រាយការណ៍​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ឡើយ ​។

អត្តសញ្ញាណ​ពលរដ្ឋ​ស្លាប់​ទាំង​បួន មាន​ឈ្មោះ ប៉ុប ធី អាយុ​៣៧ រស់​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ឈ្មោះ ទូច យឹម អាយុ ៥២​ឆ្នាំ រស់​នៅ​ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ឈ្មោះ យឹម យ៉ន អាយុ​៣២​ឆ្នាំ រស់​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ និង​ឈ្មោះ ឈុន អាយុ​២៨​ឆ្នាំ មក​ពី​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​។

ប៉ុន្តែ​ពី​ម្សិលមិញ លោក កែវ តាន់ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ដែល​ពី​ដើម​សប្តាហ៍​នេះ​មិន​បាន​ដឹង​ ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​និយាយ​ថា នា​ពេល​នេះ​លោក​បាន​ប្រាកដ​ឈ្មោះ​មនុស្ស​ទាំង​បួន​ខាង​លើ​ហើយ ព្រោះ​ពលរដ្ឋ​ដែល​ឡើង​ទៅ​កាប់​ឈើ​ជាមួយ បាន​រាយការណ៍​មក​អាជ្ញាធរ​ភូមិ-ឃុំ។

ប៉ុន្តែ ឈ្មោះ​អ្នក​ទីបួន​មិន​មែន​ឈ្មោះ ឈុន ឡើយ មាន​តែ​ឈ្មោះ សំណាង កុសល អាយុ​៣១​ឆ្នាំ រស់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​នេះ​ដែល​បង​ប្អូន​បុរស​នេះ បាន​ធ្វើ​បុណ្យ​ឲ្យ​កាល​ពី​ថ្ងៃទី​៣០ ខែ​មេសា​កន្លង​ទៅ​។

លោក​បន្ត​ថា ៖ «យើង​មិន​ទាន់​សន្និដ្ឋាន​ថា ស្លាប់​ទេ ព្រោះ​អ្នក​រាយការណ៍​មិន​ឃើញ​សាក​សព។ យើង​ប្រាកដ​ថា​មាន​បាត់​ខ្លួន​បួន​នាក់ តែ​បង​ប្អូន​គេ​នោះ​ជឿ​ថា​ស្លាប់​។ សំណាង​កុសល នោះ​ក៏​បង​ប្អូន​ធ្វើ​បុណ្យ​ម្សិល​មិញ តែ​ធ្វើ​បុណ្យ​តែ​ជាមួយ​រូប​ថត​ទេ​»។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​មិន​អាច​សុំ​អធិប្បាយ​បាន​ទេ ពី​ម្សិលមិញ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ស៊ី​នៅ​ទឹក​ដី​ប្រទេស​គេ​ដែល​ជា​ការ​ប្រថុយ​ ប្រថាន​មួយ​ហើយ​ទោះ​មាន​បញ្ហា​កើត​ឡើង​និង​មាន​ការ​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​ ថៃ ក៏​ថៃ​គ្រាន់​តែ​ពន្យល់​កម្ពុជា​នូវ​បញ្ហា​ផ្សេងៗ​មក​វិញ​តែ​ប៉ុណ្ណោះ តែ​ការ​វាយ​ប្រហារ​នៅ​តែ​មាន ដែល​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s