ស្នេហ៍​នាង​ខារ៉ាអូខេ​ធ្វើ​ជា​ប្រពន្ធ បាន​កន្លះ​ឆ្នាំ​នាង​ចង់បែកផ្លូវ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលជាប់ចោទពី បទប្រើអំពើហិង្សាបានត្រូវកម្លាំងការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ឧសភា នៅចំណុចរង្វង់មូលផ្លូវបំបែក ផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ ខណៈជននេះព្យាយាមរត់គេច ខ្លួនបន្ទាប់ពីបានវាយតប់ស្ត្រីជាសង្សារ បណ្តាលឱ្យមានរបួស ព្រោះតែកំហឹងរបស់ខ្លួន ។ ការប្រើអំពើហិង្សានេះ ដោយសារតែភាគីបុរសហួសចិត្ត ដ្បិតនាងខារ៉ាអូខេដែលសុខចិត្ត ចាកចេញពីហាងមករួមរស់ជាមួយគ្នាកន្លះឆ្នាំ មកហើយនេះលួចវិលត្រឡប់ទៅហាង ខារ៉ាអូខេវិញក្បត់ប្រុសស្នេហ៍ ។

លោកវរសេនីយ៍ត្រី វ៉ា ចាន់ថន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឱ្យដឹងថា បុរសជាប់ចោទឈ្មោះកុយ ម៉ី អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្រុម២ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ចំណែកស្ត្រីជាសង្សារ ឈ្មោះហន រចនា ហៅម៉ី អាយុុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ។ ការឃាត់ខ្លួនបុរសរូបនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ ស្រី្តជាសង្សារនិងទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រីហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថ លោកវរសេនីយ៍ឯកហេង ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏ដូចជាបទបញ្ជារបស់លោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

ទាក់ទិននឹងការប្រទូស្តរ៉ាយគ្នានេះ តាមប្រភពព័ត៌មានពីមន្ត្រី កងរាជអាវុធហត្ថឱ្យដឹងថា នៅយប់ថ្ងៃទី២ ឧសភា បុរសឈ្មោះកុយ ម៉ី បានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៅលេង នៅខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ដែលជាទីប្រជុំបើកខារ៉ាអូខេ ស្រាប់តែប្រទះឃើញនាង ហន រចនា កំពុងស្ថិតនៅក្នុងហាង ។ ពេលនោះរូបគេ ក៏មានភ្លើងកំហឹងហើយចុះ ទៅហៅនាងឱ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនាងមិនព្រមវិលទៅផ្ទះទេ ។ ទោះបីនាងប្រកែកក្តី គេក៏នៅតែចាប់បង្ខំដោយចូល ទៅអូសដៃនាងចេញពីក្នុងហាង ហើយវាយតប់លើកដាក់ លើម៉ូតូដោយឱ្យមិត្តភក្តិជាអ្នកឌុប ចំណែករូបគេអង្គុយខាងក្រោយយកនាង វិលត្រឡប់មកផ្ទះជួលវិញ ថែមទាំងស្តីបន្ទោសនិងវាយតប់តាម ផ្លូវពេលកំពុងជិះម៉ូតូទៀតធ្វើឱ្យនាងហន រចនា មិនអាចទ្រាំបានក៏លោតចុះពីលើម៉ូតូ និងស្រែកឱ្យគេជួយ ។ ពេលនោះបុរសឈ្មោះកុយ ម៉ី ក៏ជិះម៉ូតូទៅផ្ទះមិត្តភក្តិបាត់ទៅ ។ លុះនៅថ្ងៃទី៣ ឧសភា នាងហន រចនា បានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ កំណត់រកមុខសញ្ញា ហើយមកដល់យប់ថ្ងៃទី៤ ឧសភា ក៏ស្ទាក់ឃាត់ខ្លួនបាននៅរង្វង់មូល ហួសផ្សារវាលរេញ ចំណុចផ្លូវបំបែកទៅខេត្តកំពត ក្នុងស្រុកព្រៃនប់ ។

តាមបុរសកុយ ម៉ី និយាយថា រូបគេបានស្រឡាញ់នាង ហន រចនា និងរួមរស់ជាមួយគ្នា ជាងកន្លះឆ្នាំមកហើយ ដោយទុកនាងធ្វើជាមេផ្ទះរស់នៅជាមួយនឹងម្តាយរបស់ខ្លួន ។ ពីមុននាងជាសង្សាររបស់ខ្លួននេះមានប្រវត្តិជាស្ត្រីធ្វើការនៅហាងខារ៉ាអូខេ ហើយដោយរូបគេឃើញក៏អាណិតស្រឡាញ់ នាងនិងយកមករស់នៅជាមួយគ្នាបញ្ឈប់ពីការងារជាស្រី្តបម្រើ ចាប់ទឹកកកក្នុងហាងខារ៉ាអូខេ ដែលគេលូកលាន់ពីមុខពីក្រោយ ។ គេនិយាយបន្តថា មុនពេលកើតហេតុ គឺនៅថ្ងៃទី១ ឧសភា កន្លងមក នាងបានសុំទៅលេងស្រុកកំណើត ហើយដោយសារតែគ្មានលុយធ្វើសោហ៊ុយ រូបគេក៏លក់ទូរស័ព្ទមួយគ្រឿងបានលុយ១៥ដុល្លារ ឱ្យនាងធ្វើសោហ៊ុយ ទៅលេងស្រុក ។ លុះដល់ថ្ងៃទី២ ឧសភា ខណៈរូបគេកំពុងជិះម៉ូតូតាមដងផ្លូវជាមួយ មិត្តភត្តិទៅខាងក្រោយមន្ទីរពេទ្យបង្អែកចំការចេក ក៏ប្រទះឃើញនាងធ្វើការនៅ ហាងខារ៉ាអូខេដដែលវិញ ។ ដូច្នេះហើយ ទើបរូបគេអត់ទ្រាំពុំបាន ក៏ប្រើអំពើហិង្សារហូតបង្កជារបួសស្នាម ហើយត្រូវស្ត្រីដែលរួមរស់ជាមួយគ្នាជាងកន្លះឆ្នាំ មកហើយនេះប្តឹងទារសំណង ជាទឹកប្រាក់ចំនួន១០.០០០ដុល្លារ ។

បុរសឈ្មោះកុយ ម៉ី បាននិយាយទាំងសម្រក់ទឹកភ្នែកថា រូបគេគ្មានប្រាក់ច្រើនយ៉ាងនេះឡើយដូច្នេះ វាសនារបស់គេមានតែដេកក្នុងគុកប៉ុណ្ណោះ រង់ចាំតុលាការជាអ្នកវិនិច្ឆ័យទោសទៅចុះ ។ ជនជាប់ចោទត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងកាលពីរសៀលថ្ងៃទី៤ ឧសភា ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s