Booyoung វិនិយោគ​$១​ពាន់​លាន

ភ្នំពេញៈ ក្រុមហ៊ុន Booyoung Group ជា​ក្រុមហ៊ុន​ពហុ​ធុរកិច្ច ដ៏​ធំ​របស់​សាធារណ​រដ្ឋ​កូរ៉េ​បាន​បើក​ការដ្ឋាន​សាង​សង់​ទីក្រុង​ថ្មី​មួយ​ កាល​ពីថ្ងៃ​អង្គារ ដែល​មាន​តម្លៃ​១,១​ពាន់​លាន​ដុល្លារ។

គម្រោង​ទីក្រុង​ឈ្មោះ​ថា Booyoung Townដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម និង​លំនៅឋាន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្បែរ​ស្ពាន​អាកាស​៧​មករា។

លោក​ស្រី ម៉ក់ វណ្ណស៊ីថា អភិបាល​រង​រាជធានី​ភ្នំពេញ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ការដ្ឋាន​នេះ​ បាន​ឲ្យ​ដឹង​ថា ជា​សញ្ញា​ល្អ​មួយ​ដែល​ក្រុមហ៊ុន Booyoung Group ចាប់​ផ្តើម​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

លោក Lee Joo Keun ប្រធាន​ក្រុមហ៊ុន Booyoung Group ឲ្យ​ដឹង​ថា Booyoung Group គឺជា​ក្រុមហ៊ុន​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េ ដែល​មាន​បទ​ពិសោធ​ជាច្រើន​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​។

លោក Kim Han Soo ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១២​ជនជាតិ​កូរ៉េ​បាន​មក​វិនិយោគ​នៅ​កម្ពុជា​មាន ២៧២​លាន​ដុល្លារ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​កូរ៉េ​ច្រើន​ថែម​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​តាម​រយៈ​គម្រោង​នឹង​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​លំនៅឋាន​រស់​ នៅ​កាន់​តែ​ទំនើប​»។

គម្រោង Booyoung Town១ សាងសង់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង​២​លាន​ម៉ែត្រ​ការ៉េ ក្នុង​នោះ​ក្រុមហ៊ុន​នឹង​សាង​សង់​លំនៅឋាន​ស្នាក់​នៅ​១៧ ០០០​ល្វែង អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កីឡា និង​សាលា​រៀន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​ជាង​១,១​ពាន់​លាន​ដុល្លារ។

ដំណាក់​កាល​ទី១ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សាង​សង់​អគារ​ស្នាក់​នៅ​រួម​និង​អគារ​ពាណិជ្ជកម្ម​ លើ​ផ្ទៃ​ដី​២៥​ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​វិនិយោគ​ប្រមាណ​១០៥​លាន​ដុល្លារ​។

លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទី​ក្រុង​ពាណិជ្ជកម្ម និង​លំនៅឋាន​ថ្មី​នេះ​នឹង​ក្លាយ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ចំណោម​ សមិទ្ធផល​ថ្មីៗ​ជា​ច្រើន ដែល​នឹង​ជួយ​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​លំនៅឋាន ពាណិជ្ជកម្ម និង​សេវាកម្ម​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​ថ្លែង​ថា ការ​សាង​សង់​ក្រុមហ៊ុន​ក៏​ត្រូវ​គិត​គូរ​ពី​ការ​ការពារ​បរិស្ថាន​ជា​ចម្បង​ ផង​ដែរ​។

លោក​ថា​៖ «​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ក្រុមហ៊ុន Booyoung Group នៅ​កម្ពុជា​នៅ​ពេល​នេះ​គឺជា​ការ​ត្រួស​ត្រាយ​ផ្លូវ​បន្ថែម​ទៀត​សម្រាប់​ ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នក​វិនិយោគ​ទុន​កូរ៉េ និង​បរទេស​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​នៃ​ការ​រីក​ ចម្រើន​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​»។

លោក នួន រិទ្ធី នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប បាន​និយាយ​ថា គម្រោង​នេះ​គឺ​ជា​ការ​សាង​សង់​ដ៏​ធំ​ពី​កូរ៉េ​ខាង​ត្បូង​មក​កម្ពុជា។

លោក​បន្ថែម​ថា​៖ «​ក្រុមហ៊ុន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ដើម្បី​ចាប់​ផ្ដើម​គម្រោង​ របស់​ខ្លួន​ដោយ​សារ​ពួក​គេ​បាន​យល់​ច្បាស់​អំពី​និន្នាការ​សេដ្ឋកិច្ច»។

លោក​បន្ត​ថា កម្ពុជា​បាន​ទទួល​វិនិយោគិន​កូរ៉េ​ធំៗ​ជា​ច្រើន ដែល​កំពុង​សាងសង់​ដូចជា​Posco គម្រោង Hyundai គម្រោង Camko គម្រោង Decastle និង Gold Tower 42 ជា​គម្រោង​មួយ​ដែល​បាន​ពន្យារ​ពេល​សាង​សង់​បណ្ដោះ​អាសន្ន​។

ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ឆ្នាំ​២០០០ ដល់​ចុង​ត្រីមាស​ទី១ ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​ចំនួន​១០០​គ្រប់​គ្រង​ដោយ​វិនិយោគិន​កូរ៉េ​បាន​ចុះ ​បញ្ជី​នៅ​ក្រសួង​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​៣៤ នៅ​កាន់​កាប់​អាជ្ញាប័ណ្ណ​មាន​សុពលភាព។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ទឹក​ប្រាក់​២,១​ពាន់​លាន​ដុល្លារ​ធៀប​ នឹង​១,២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១។

នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ទី​ក្រុង​រណប​ចំនួន ៥​នៅ​រាជធានី​ភ្នំពេញ​ក្នុង​នោះ​មាន​ក្រុមហ៊ុន World City ដែល​វិនិយោគ​ទឹក​ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​បង្កើត​ទី​ក្រុង​រណប ខេមកូស៊ីធី ដែល​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៨​ទី​ក្រុង​រណប Grand Phnom Penh International ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodia YNP និង​វិនិយោគិន ឥណ្ឌូនេស៊ី​មាន​តម្លៃ​៦០០​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០១៨​ទីក្រុង​រណប Diamond Island City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC មាន​តម្លៃ​៣០០​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៦ ទី​ក្រុង​រណប Beoung Kak ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sukaku Inc មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ និង​ទីក្រុង​រណប The Future of Dream មាន​តម្លៃ​១,៦​ពាន់​លាន​ដុល្លារ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៦៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s