របង​វត្ត​ជាទី​ពេញ​និយម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

កាល​ពី​មុន វត្ត​អារាម​មិន​ត្រឹម​តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ជា​ទី​ សក្ការ​បូជា​សម្រាប់​ប្រតិបត្តិ​ព្រះ​ធម៌​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​បណ្ដុះ​វិជ្ជា​ទៀត​ផង។ សព្វ​ថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថា នៅ​តាម​របង​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជីវករ​ប្រើ​ប្រាស់​ជា​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ទៅ​វិញ​។ ហេតុ​អ្វី​បាន​ជា​ក្រុម​អាជីវករ​ទាំង​នោះ​ចូល​ចិត្ត​ធ្វើ​អាជីវកម្ម​នៅ​តាម​ របង​វត្ត​បែប​នេះ?

ជា​ការ​ពិត​ណាស់ នៅ​តាម​របង​វត្ត​អារាម​ភាគ​ច្រើន​ក្នុង​ក្រុង​ភ្នំពេញ ដែល​អំណោយ​ផល​ដល់​ការ​លក់​ដូរ​នានា​តែង​តែ​ត្រូវ​បាន​ក្រុម​អាជីវករ​វាត​ទី​ សង់​តូប តង់ ឬ​រទេះ​រុញ​ដើម្បី​ប្រកប​របរ​រក​ស៊ី​របស់​ខ្លួន​។ ជាក់​ស្តែង​របង​វត្ត​មហា​មន្ត្រី​ជា​កន្លែង​រក​ស៊ី​រឹត​កាំកង់ របង​វត្ត​បទុម​ជា​កន្លែង​លក់​ចំណី​ចំណុក​ហើយ​របង​វត្ត​កោះ​ប្រើ​ជា​កន្លែង​ បោះ​ពុម្ព​ធៀប​ការ​ជាដើម។

ជា​សិស្ស​វិទ្យាល័យ​មួយ​រូប យុវជន ឃិន សារ៉ន ដែល​ជានិច្ចកាល​ធ្វើ​ដំណើរ​ឆ្លង​កាត់​វត្ត​មហា​មន្ត្រី បាន​បញ្ចេញ​យោបល់​ថា វា​ពិត​ជា​ល្អ នៅ​ពេល​សម្បូរ​អ្នក​រឹត​កាំកង់​នៅ​កន្លែង​ជាក់​លាក់​មួយ​ដូច្នេះ ហើយ​យើង​ក៏​ងាយ​ស្រួល​ពេល​ត្រូវ​ការ​រឹត​កាំ​កង់​ដែរ។ ប៉ុន្តែ​ពួក​គាត់​ដែល​ជា​អ្នក​រឹត​កាំ​កង់​ទាំង​នោះ ក៏​មិន​គួរ​ប្រើ​សកម្មភាព​មិន​សមរម្យ ដូចជា​ការ​លើក​ដៃ​ស្រែក​ហៅ​ម៉ូយ​បែប​នេះ​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​នោះ ជា​ពិសេស​រំខាន​ដល់​ទី​វត្ត​អារាម។

ទោះ​ជា​ស្ថិត​ក្នុង​អាជីវកម្ម​អ្វី​ក៏​ដោយ វា​នឹង​មិន​រំខាន​ទេ​ប្រសិន​បើ​អាជីករ​ទាំង​អស់​នោះ ពុំ​បង្ក​ជា​ភាព​អនាធិបតេយ្យ ដែល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ដូចជា នៅ​តាម​របង​វត្ត​បទុម ដែល​សម្បូរ​ទី​កន្លែង​លក់​ដូរ​ឬ​រទេះ​រុញ​លក់​ចំណី​អាហារ។

កញ្ញា ស៊ុន សុម៉ាលី ដែល​ជា​រឿយៗ​ទៅ​កម្សាន្ត និង​ហាត់​ប្រាណ​នៅ​មុខ​សួន​ច្បារ​វត្ត​បទុម​ពេល​ល្ងាច​ថ្ងៃ​សម្រាក បាន​ឲ្យ​ដឹង​ថា​៖ «​តាម​ធម្មតា ពេល​ខ្ញុំ​ទៅ​ដើរ​លេង ឬ​ហាត់​ប្រាណ​នៅ​សួន​មុខ​វត្ត​បទុម​វត្តី ខ្ញុំ​ក៏​ចូល​ចិត្ត​ញ៉ាំ​បុក​ល្ហុង មី​ឆា ឬ​ឡត​ឆា​នៅ​ក្បែរ​តាម​របង​វត្ត ឬ​ក៏​ជិត​នោះ​ផង​ដែរ ពី​ព្រោះ​ខ្ញុំ​អាច​ញ៉ាំ​បណ្ដើរ​និង​មើល​គេ​មើល​ឯង​បណ្តើរ»។

ក្រៅ​ពី​ការ​លើក​ឡើង​ខាង​លើ​នេះ របង​វត្ត​កោះ​ក៏​ត្រូវ​បាន​គេ​ល្បី​ថា ត្រូវ​បាន​ក្រុម​អាជីវករ​ឆ្លៀត​កេង​យក​ទី​ធ្លា​ក្បែរ​របង​ទៅ​ធ្វើ​អាជីវកម្ម ​ផង​ដែរ ជា​ពិសេស ការ​ប្រកប​របរ​បោះ​ពុម្ព​ធៀប​ការ។

ជា​អ្នក​ប្រកប​របរ​បោះពុម្ព​ធៀបការ​ម្នាក់​អ្នក​ស្រី ស្រី ម៉ាច ម្ចាស់​តូច​បោះ​ពុម្ភ​ធៀប​ការ​ស្រី​ម៉ាច បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​គាត់​ធ្វើ​អាជីវកម្ម​នៅ​ទី​នេះ​ថា៖ «​ខ្ញុំ​រក​ស៊ី​នៅ​នេះ​តាម​គេ​តាម​ឯង​ពី​ព្រោះ​បើ​មាន​តែ​យើង​ក៏​មិន​ដាច់​ ដែរ​។ មក​ពី​ទី​នេះ​សម្បូរ​អ្នក​លក់​ធៀប​ការ​តាំង​ពី​យូរ​យារ​មក​ហើយ។ អ៊ីចឹង​ទើប​បាន​ជា​វា​ល្បី​ថា​ជា​កន្លែង​ដែល​ភ្ញៀវ​និយម​មក​បោះ​ពុម្ព​ធៀប​ ការ​នៅ​ទី​នេះ​តែ​ម្ដង»។

ជាមួយ​នឹង​បទ​ពិសោធ​នៃ​ការ​ធ្វើ​អាជីវកម្ម​ជាង​១០ ឆ្នាំ​នៅ​ទី​នោះ អ្នក​ស្រី​ក៏​បង្ហើប​ពី​ដំណើរ​ដើម​ទង​នៃ​ការ​មក​បោះ​ទី​តាំង​នៅ​ទី​នោះ​ថា ដំបូង​ឡើយ មាន​អ្នក​បោះ​ពុម្ព​ធៀប​ការ​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ប្រកប​របរ​នៅ​តាម​របង​វត្ត​កោះ​នោះ ដែល​ពី​មុន​កន្លែង​នេះ វា​កខ្វក់​ខ្លាំង​ណាស់ ហើយ​ក៏​ពុំ​មាន​សុវត្ថិភាព​ឡើយ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​អ្នក​មក​រក​ស៊ី​តាម​របង​វត្ត​នេះ​កាន់​តែ​ច្រើន​និង ​មាន​ការ​សម្អាត​ជា​ច្រើន វា​បាន​ក្លាយ​មក​ជា​កន្លែង​ដែល​ល្អ​ប្រសើរ​ដូច​សព្វ​ថ្ងៃ​នេះ ទាំង​អនាម័យ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព។

អ្នក​ស្រី​បាន​បញ្ជាក់​ប្រាប់​ថា ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ប្រកប​របរ​នៅ​ទី​នេះ​ដែរ​ថា​វា​មិន​ទាក់​ទង​ទៅ​នឹង​ ខាង​វត្ត​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​សុំ​ការ​អនុញ្ញាត​ពី​ខាង​មន្ត្រី​ប៉ូលិស​ប៉ុណ្ណោះ។

ជា​បុគ្គលិក​នៅ​សាលារៀន​ឯកជន​មួយ​រូប អ្នក​ស្រី ធូ ភក្តី បាន​បង្ហើប​ពី​បទ​ពិសោធ​របស់​ខ្លួន​ថា​៖ «​វា​ធ្វើ​ឲ្យ​ចង្អៀត​ផ្លូវ​បន្តិច​មែន ព្រោះ​តូប​ធៀប​ការ​មាន​ច្រើន​ដង្ហែ​តាម​របង​វត្ត ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ដូចជា​មិន​អី​ទេ ចំពោះ​ការ​ដាក់​តូប​អូស​ធៀប​ការ​តាម​របង​វត្ត​កោះ​នោះ ព្រោះ​វា​នៅ​ផ្លូវ​តូច​។ ម្យ៉ាង​វិញ​ទៀត​វា​មិន​មែន​ជា​កន្លែង​បើក​អាជីវកម្ម​ស៊ី​ផឹក​នោះ​ទេ»។

ចំពោះ​បញ្ហា​នៃ​ការ​លក់​ដូរ​ក្បែរ​របង​វត្ដ​នេះ ព្រះ​សង្ឃ​ព្រះ​នាម អឿន សំអាត ដែល​គង់​នៅ​វត្ដ​ឧណ្ណាលោម មាន​សង្ឃដិកា​ថា អាជីវករ​ទាំង​នោះ​ចេះ​បង្កើត​មុខ​របរ​របស់​ខ្លួន វា​ពិត​ជា​ការ​ប្រសើរ​ណាស់​។ ប៉ុន្ដែ​ការ​លក់​ដូរ​ចំណីរ​អាហារ ឬ​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ​និង​រហូត​ដល់​ការ​លក់​គ្រឿង​ស្រវឹង​ជាប់​របង ​ទី​វត្ដ​អារាម​ធ្វើ​ឲ្យ​ប្រាស​ចាក​នូវ​ធម៌​វិន័យ​ដែល​ពុទ្ធ​សាសនិក​ដែល​តែង ​តែ​ប្រកាន់​ខ្ជាប់​រៀង​រហូត​មក។

ព្រះ​អង្គ មាន​សង្ឃ​ដិកា​បន្ដ​ថា ចំពោះ​បញ្ហា​អាណាចក្រ​វិញ វា​ពិត​ជា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ការ​រស់​នៅ​របស់​ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​ទូទៅ​អំពី​កង្វល់​បរិស្ថាន​នៅ​ជុំវិញ​ទី​វត្ដ​អារាម​។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​សង្ឃ​ក្នុង​ការ​បោស​សម្អាត​និង​រៀប​ចំ​ តុបតែង​លម្អ​បរិវេណ​ជុំវិញ​វត្ដ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ។

ព្រះ​អង្គ បាន​បន្ថែម​ថា ផល​ប៉ះពាល់​មួយ​ទៀត គឺ​ជំនឿ​ចិត្ដ​របស់​ញាតិ​ញោម​មក​លើ​ទី​វត្ដ​អារាម​នោះ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ តូប​តូចៗ​យ៉ាង​ស្អេក​ស្កះ​និង​ការ​វាយ​តម្លៃ​ពី​ជន​បរទេស​ដែល​តែង​តែ​យល់​ ច្បាស់​ថា ព្រះ​ពុទ្ធ​សាសនា​គឺជា​សាសនា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ក្នុង​នាម​ព្រះ​អង្គ​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​សម្អាត​ទីធ្លា​ក្នុង​ វត្ដ​អារាម​ព្រះ​អង្គ សូម​ឲ្យ​ញាតិ​ញោម​ទាំង​អស់​ពិចារណា​ឡើង​វិញ​នូវ​ការ​លក់​ដូរ​របស់​ខ្លួន​ជា​ ពិសេស​គ្រឿង​ស្រវឹង​នៅ​ជុំវិញ​របង​ទី​វត្ដ​អារាម។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក​ឡុង ឌីម៉ង់ ជា​អ្នក​នាំ​ពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ មិន​ត្រឹម​តែ​ចិញ្ចើម​ផ្លូវ​របង​វត្ត​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ក៏​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ផង​ដែរ សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​សាធារណជន ជា​ពិសេស​គឺ​សម្រាប់​អ្នក​ថ្មើរ​ជើង​តាម​ដង​ផ្លូវ​ទាំង​ឡាយ។ ដូច្នេះ​ការ​ប្រើ​ចិញ្ចើម​ផ្លូវ​ទាំង​នេះ​សម្រាប់​ធ្វើ​អាជីវកម្ម មិន​ស្រប​ច្បាប់​ឡើយ។

ចំពោះ​វិធានការ​សម្រាប់​បញ្ហា​នេះ​ដែរ លោក​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​សាលា​រាជធានី​បាន​ចាត់​វិធានការ​ផ្សេងៗ​ដូចជា ការ​ចុះ​អប់រំ និង​ណែនាំ​ដល់​ម្ចាស់​ផ្ទះ និង​អ្នក​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទាំង​ឡាយ អំពី​ការ​មិន​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាលា​រាជធានី ក៏​បាន​អនុគ្រោះ និង​យោគយល់​ទៅ​ដល់​ទៅ​ពួកគេ​ផង​ដែរ ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ចំណែក​ចិញ្ចើម​ផ្លូវ​១​ភាគ​៣ និង​ត្រូវ​ទុក​ឲ្យ​២​ភាគ​៣​ទៀត​សម្រាប់​អ្នក​ថ្មើរ​ជើង ព្រោះ​ពួកគេ​បាន​ចូល​រួម​ចំណែក​កសាង និង​ជួស​ជុល​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ ដោយ​ថវិកា​ខ្លួន​ផ្ទាល់។

ជា​ចុង​ក្រោយ​នេះ លោក ឌីម៉ង់ ដែល​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា​៖ «សូម​កុំ​ចាត់​ទុក​ចឹញ្ចើម​ផ្លូវ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​និង​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អាជីវកម្ម ពី​ព្រោះ​វា​គឺជា​ទ្រព្យ​សម្បតិ្ដ​សាធារណៈ ដែល​ទុក​សម្រាប់​ឲ្យ​អ្នក​ថ្មើរ​ជើង​តែ​ប៉ុណ្ណោះ»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s