ឈិន ច័ន្ទសុធារី បំភ្លឺពី​ហេតុការណ៍ ក្នុងជំលោះ​ចូលបន្ទប់ទឹក

ភ្នំពេញ៖ ហេតុការណ៍ដែលបានកើតឡើង ទៅលើអតីតពិធីការិនី និងជាតារាចម្រៀង កញ្ញា ឈិន ច័ន្ទសុធារី កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ក្នុងជំលោះ ដ៏តឹងសរសៃកមួយ គ្រាន់តែរឿងចូលបន្ទប់ទឹក ដែលធ្វើឲ្យពិធីការិនី ឈិន ច័ន្ទសុធារី រងការចោទ ប្រកាន់ថា បានហៅបក្សពួក មកសំឡុតគំរាម ជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធ ឲ្យលុតជង្គង់សុំទោស និងត្រូវបាន មជ្ឈដ្ឋានមហាជនទូទៅ ផ្តោតការចាប់អារម្មណ៍ តាមដានយ៉ាងយកចិត្តទុកដាក់ ។

ដោយឡែកនៅក្នុងជំលោះនេះ ឈិន ច័ន្ទសុធារី បានបដិសេធទាំងស្រុងថា រូបនាង និងប្អូនប្រុសឈ្មោះ ឈិន ច័ន្ទកាពៅ មិនមែន ជាអ្នកបង្ក ឬជាអ្នករករឿង កើតជាជំលោះជាមួយភាគីប្តីប្រពន្ធនោះទេ ពោលគឺនាងជាជនរងគ្រោះទៅវិញទេ ដោយសារតែភាគីស្ត្រីជាប្រពន្ធ បានបង្កជំលោះស្រែកជេរនាងខ្លាំងៗ ព្រមទាំងប្រើអំពើហិង្សាមកលើនាង និងប្អូនប្រុស រហូតមានរបួសស្នាមនៅលើដៃ និងគ្រេចជើងទៀតផង ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឈិន ច័ន្ទសុធារី បានរៀបរាប់ពីហេតុការណ៍ ក្នុងយប់នោះថា ដំបូងឡើយ នាងបានជិះរថយន្តទៅយកប្អូនប្រុស ចេញពីហាត់ភ្លេងនៅម្ដុំទួលទំពូង ហើយបានជិះឡានកាត់ស្ថានីយចាក់សាំងកាល់តិច ជាប់ស្តុបពេទ្យចិនដើម្បីទៅរកទិញបបរ ប្រហែលជាម៉ោង៩យប់ ។ គាប់ជួននាងជិះរថយន្តកាត់ស្ថានីយចាក់សាំងកាល់តិច ប្អូនប្រុសរបស់នាង បានសុំឈប់នៅទីនោះដើម្បីចូលបន្ទប់ទឹក ។ ពេលប្អូនប្រុសនាង ដើរសំដៅចូលក្នុងបន្ទប់ទឹក រូបគេបានយកដៃទាញទ្វារ ប៉ុន្តែទ្វារនោះបានជាប់គន្លឹះខាងក្នុង បានន័យថាមាន មនុស្សនៅក្នុងបន្ទប់ទឹក រូបគេក៏ឈរចាំមួយសន្ទុះ ។

ប៉ុន្តែនៅពេលដែលមានមនុស្សចេញមក គឺពីរនាក់ ប្តីប្រពន្ធនោះ ដោយប្រពន្ធបានស្រែកខ្លាំងៗថា “អាណាគេបើកទ្វារខ្លាំងៗម៉្លេះ? អាងពួកអ្ហែងមានឡាន ឬអី ?” និងបានស្រែកជេរដៀមដាម ប៉ាតណាប៉ាតណី ។ ខណៈនោះ ឈិន ច័ន្ទសុធារី ក៏បានស្ទុះចុះពីរថយន្ត ដើម្បីសួរនាំស្រ្តីជាភរិយា ដើម្បីឲ្យដឹងខុសត្រូវ ប៉ុន្តែស្រ្តីជាភរិយា ដែលនាងសង្ស័យថា មានអាការៈស្រវឹងផងនោះ មិនព្រមទទួលយកការសួរនាំ និងបានដំឡើងបំពង់កឡូឡាខ្លាំងៗ រហូតមានការប្រតាយប្រតប់គ្នា ផ្អើលឆោឡោអ្នកដំណើរ មកចោមរោមមើលកកកុញ ។

ឈិន ច័ន្ទសុធារី បានបន្តឲ្យដឹងទៀតថា ភាគីស្រ្តីដែលជាប្រពន្ធ បន្ទាប់ពីបង្កហិង្សារករឿងនាងរួចហើយ ស្រ្តីនោះបានថែមទាំងស្រែកជេរម៉ែនាង និងប្អូនប្រុសកប់ៗមាត់ គ្មានសីលធម៌ក្នុងខ្លួន ចង្អុលមុខនាងចំៗ ធ្វើឲ្យអ្នកចោមមើលហួសចិត្ត និងទង្វើរបស់ស្រ្តីដែលមិនគួរណា គ្រាន់តែរឿងបន្តិចបន្តួចសោះ បានបង្ហាញចេតនារករឿងឈ្លោះប្រកែក ជាមួយនាងនិងប្អូនប្រុស ក្នុងន័យបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងគិតថាខ្លួនជាអ្នកត្រូវទៀតផង ។

នៅក្នុងហេតុការណ៍នោះ ឈិន ច័ន្ទសុធារី បានបន្តឲ្យដឹងទៀតថា គាប់ជួនជំលោះកាន់តែមានលក្ខណៈធំឡើងៗ ក៏លេចវត្តមានបុរសម្នាក់ ដែលជាអ្នកដំណើរ បានសម្តែងអារម្មណ៍ឈឺឆ្អាល និងជួយអន្តរាគមន៍មកលើរូបនាង និងគូជំលោះម្ខាងទៀត ដោយបុរសនោះ ឃើញស្ថានការណ៍មិនស្រួស ក៏បានស្រែកកម្លាថា “ឈប់ឬមិនឈប់ បើមិនឈប់ប្រយ័ត្នខ្ញុំបាញ់…! “ពេលនោះភាគីប្តីប្រពន្ធបានស្រែកឡើងថា “អុញ..! មានកាំភ្លើងៗ” ក៏នាំគ្នារំសាយ និងភ័យរត់ទៅឈរនៅកន្លែងផ្សេង ។ ក្នុងចំណុចនេះ ឈិន ច័ន្ទសុធារី បានបញ្ជាក់ថា តាមការពិតនាងមិនបានស្គាល់បុរសម្នាក់នោះទេ ហើយបុរសម្នាក់នោះក៏គ្មានកាំភ្លើងនៅក្នុងដៃដែរ គឺគាត់គ្រាន់តែស្រែកកម្លា ដើម្បីឲ្យភាគីខាងប្តីប្រពន្ធ បន្ធូរជំលោះ ។ គាប់ជួនពេលនោះសមត្ថកិច្ច និងមន្រ្តីប៉េអឹម ក៏បានមកដល់ទើបបុរសនោះ ដឹងថាមានអ្នកជួយអន្តរាគមន៍ ទើបគាត់ ឡើងជិះរថយន្តទៅបាត់ ។

ពេលនោះពីរនាក់ប្តីប្រពន្ធ មិនបានទៅណាឆ្ងាយទេ ពេលឃើញសមត្ថកិច្ចមកដល់ ស្ត្រីជាប្រពន្ធ បានស្ទុះមកស្រែកខ្លាំងៗថា រូបនាង បានហៅបុរសជាប្រុសស្នេហ៍ មកសំឡុតគំរាម និងបានឲ្យពួកគេលុតជង្គង់សុំទោសទៀតផង ធ្វើឲ្យនាងហួសចិត្តនិងស្រ្តីជាប្រពន្ធនោះ និយាយលែងចេញ ។ ប៉ុន្តែពេលសមត្ថកិច្ចនាំខ្លួន ទៅដោះស្រាយនៅប៉ុស្តិ៍ បែរជាស្រី្តជាប្រពន្ធនោះ បដិសេធមិនព្រមទៅ ព្រោះដឹងថាខ្លួនឯង ជាអ្នកខុស ជាអ្នករករឿងគេមុន ខ្លាចសមត្ថកិច្ចចាប់ខ្លួន ព្រោះបានបង្ករបួសស្នាម និងបានជេរម៉ែនាង ទៀតផង ។

ឈិន ច័ន្ទសុធារី បានបញ្ជាក់ថា ពេលនោះដោយសារតែបុរសជាប្តីបានបន្ទន់ឥរិយាបថ និងនិយាយសម្រុះសម្រួលជាមួយស្រី្តជាប្រពន្ធ ទើបភាគីទាំងពីរ សម្រេចចិត្តទៅដោះ ស្រាយនៅប៉ុស្តិ៍ប៉ូលិស នៅសង្កាត់ ទន្លេបាសាក់ ហើយភាគីប្តីប្រពន្ធ បានសុំទោសនាង និងប្អូនប្រុស ទើបភាគីរូបនាង បានសម្រេចចិត្តមិនដាក់ពាក្យបណ្តឹង ព្រោះខ្ជិលវែងឆ្ងាយច្រើន ។

ត្រង់ចំណុចនេះ នាងចង់បញ្ជាក់ថា ក្រោយពីជំលោះកើតឡើងហើយ គ្រប់បណ្តាញសារព័ត៌មានទាំងអស់ បែរជាចុះផ្សាយចោទប្រកាន់ថា ភាគីនាង និងប្អូនប្រុសបានហៅបក្សពួក មកសំឡុតគំរាម និងបានឲ្យភាគីប្តីប្រពន្ធ លុតជង្គង់សុំទោស ទៅវិញ ជាហេតុធ្វើឲ្យនាងកើតទុកមិនសុខចិត្ត ព្រោះនាងជាជនរងគ្រោះ បែរជាត្រូវរងការចោទប្រកាន់ មិនសមទំនង គ្មានហេតុផល ធ្វើឲ្យនាងខូចកេរ្តិ៍ឈ្មោះ ។ ទោះបីជាយ៉ាងណា ជំលោះនោះ បានចប់ទៅហើយ ប៉ុន្តែនាងចង់បញ្ជាក់ពីភាពស្អាតស្អំ ឲ្យមានយុត្តិធម៌ និងមិនចង់ឲ្យមហាជនទូទៅ ដែលស្គាល់ និងគាំទ្រនាង មានការយល់ច្រឡំ និងគិតក្នុងផ្លូវមិនល្អ មកលើរូបនាង ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាញសារព័ត៌មានទាំងនោះ ដែលបានចុះផ្សាយបំភ្លឺឲ្យនាងវិញ។

ទោះបីជាបែបនេះក្ដី សុធារី បានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើង ចំពោះរូបនាង ដោយនាងចាត់ទុកថា ជារឿងស៊យបំផុត ដែលនាងមិនធ្លាប់ជួបប្រទះក្នុងឆាកជីវិត និងក្នុងនាមជាអ្នកសិល្បៈ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s