កូន​ត្រី​សម្អុយ​៣​ដែល​សម្តេច​ហ៊ុន​សែន​គួរ​តែ​ចាត់​ការ

អត្ថបទ ទី១ និង ទី២ របស់​ខ្ញុំ​បាទ ទទួល​ការ​អបអរ​សាទរ និង​ការ​ណែ​នាំ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​បាទ​បន្ត​ការងារ​មួយ​នេះ​ដោយ​មិន​ គិត​ពី​ការ​នឿយ​ហត់។ ខ្ញុំ​បាទ​សូម​អរគុណ​ជា​អនេកប្បការ​ចំពោះ​ការ​គាំទ្រ​នេះ​ជា​ពិសេស គឺ​រៀម​ច្បង ដែល​បាន​ផ្តល់​ការ​ណែនាំ​តាម​រយៈ​អត្ថបទ​ទាំង​ពីរ​របស់​ខ្ញុំ​បាទ​កន្លង​មក​ ។ សូម​អរគុណ និង សូម​ទទួល​នូវ​ការ​គោរព​ពី​ខ្ញុំ​បាទ ពី​ចម្ងាយ។

ដោយ​បន្ត​ពី​អត្ថបទ​ទី២​ក្នុង​អត្ថបទ​ទី៣ នេះ ខ្ញុំ​បាទ​សូម​លើក​យក​តែ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង​(ឯកឧត្តម សម រង្ស៊ី)​សម្រាប់​ពេល​បោះឆ្នោត​ខាង​មុខ​នេះ​(វគ្គ​ពាក់​កណ្តាល​ផ្តាច់​ ព្រ័ត្រ​)​ក្នុង​ការ​វាយ​លុក​ទៅ​លើ​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​ (សម្តេច ហ៊ុន សែន​)​ដែល​បាន​ដើរ​កាល់​ជើង​ខ្លួន​ឯង ក្នុង​ពេល​កន្លង​មក​។

តាម​ទ្រឹស្តី​អ្នក​លេង​អុក បើ​ត្រី​ណា​ឡើង​បក​មិន​បាន គឺ​នឹង​ត្រូវ​យក​ធ្វើ​ជា​របង​ការពារ បើ​ការពារ​មិន​បាន គឺ​ត្រូវ​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​បើក​ផ្លូវ​។ ថ្មីៗ​នេះ​ត្រី​មួយ​ចំនួន​ត្រូវ​បាន​សម្តេច ហ៊ុន សែន ដាក់​ឲ្យ​គេ​ស៊ី​ទទេ ដោយ​មិន​បាន​អី​សោះ។ តែ​បើ​មិន​ស៊ី គឺ​ផ្លូវ​ត្រូវ​បិទ​រួម​ទៅៗ ហើយ​ត្រី​បក​របស់​ឯកឧត្តម សម រង្ស៊ី កាន់​តែ​ចូល​មក​ជិត​។ តែ​បើ​វិភាគ​ឲ្យ​ល្អិត​ល្អន់​ទៅ មិន​ដឹង​ថា បើក​ផ្លូវ​ដើម្បី​គេច​ខ្លួន ឬ​ដើម្បី​សម្រុក​ចូល ឬ បើក​ឲ្យ​ដៃ​គូ​បដិបក្ខ​ចូល!

ពេល​ខ្លះ​រឿង​ដែល​ត្រូវ​ធ្វើ​សម្តេច ហ៊ុន សែន មិន​រវល់​ទេ ដូច​ជា​ករណី​អ្នក​ភូមិ​បឹង​កក់ អ្នក​ភូមិ បុរី​កីឡា ការ​កាប់​ព្រៃ​ខុស​ច្បាប់ ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាត់​ដេរ ករណី​លោក ឈូក បណិ្ឌត ដែល​បាញ់​កម្មករ​។ល។ និង។ល។ ដែល​សម្តេច សុទ្ធ​តែ​ដឹង​ថា គេ​(គណបក្ស​ប្រឆាំង)​នឹង​យក​រឿង​នេះ​មក​វាយ​ប្រហារ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង ​មុខ​នេះ។

ឥឡូវ​នេះ​យើង​មើល​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង ដែល​គេ​បាន​រាយ​គ្នា​យ៉ាង​ស្អាត​ក្នុង​ការ​វាយ​លុក ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន តែ​ម្តង​។ ជាក់​ស្តែង​ដូច​ជា ករណី​កម្មករ​រោងចក្រ​កាត់​ដេរ គេ​មាន​តំណាង​សហជីព​កម្មករ ដែល​បាន​និង​កំពុង​ដឹក​នាំ​ធ្វើ​បាតុកម្ម​គ្រប់​ទី​កន្លែង សូម្បី​តែ​បើក​ប្រាក់​ខែ​យឺត ១ថ្ងៃ​ក៏​គេ​យក​មក​ធ្វើ​លេស​ធ្វើ​បាតុកម្ម​ដែរ​។ ខាង​ព្រៃឈើ​ក៏​គេ​រៀប​ឲ្យ​សង្គម​ស៊ីវិល​ជា​អ្នក​ចេញ​មុខ ដើម្បី​រៀប​ចំ​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ហើយ​សហគមន៍​នោះ ក៏​ចេញ​មុខ​បាតុកម្ម​គ្រប់​ទី​កន្លែង​ខាង​មន្រ្តី​រាជការ​ក៏​គេ​មាន​សមាគម តំណាង​របស់​គេ​ដែល​មាន​បណ្តាញ​គ្រប់​ខេត្ត​ក្រុង​ដែល​អាច​ប្រមូល​កម្លាំង ធ្វើ​បាតុកម្ម​បាន​យ៉ាង​លឿន ដូច​ជា​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​កន្លង​ទៅ​ជា​ដើម​។ ចំណែក​ឯ​នៅ​ឯ​ក្រៅ​ស្រុក​ក៏​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ការងារ​ការ​ទូត ដូច​ជា​ការ​ជួយ​ឲ្យ​អ្នក​ស្រី​ទេព វណ្ណនី មាន​ឥទ្ធិពល​និង​ប្រជាប្រិយ​ភាព​កាន់​តែ​ខ្លាំង ដើម្បី​ធ្វើ​បាតុកម្ម​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​គាត់​ទទួល​បាន​មេដាយ​ថ្នាក់​ដឹក​នាំ​នារី​ពិភពលោក ពេល​ដែល​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ធ្លាប់​បាន​ចាប់​គាត់​ដាក់​គុក ដោយ​សារ​តែ​ពួក​គាត់​ការពារ​ផ្ទះ​សម្បែង​របស់​គាត់​។ ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក៏​គេ​មាន​វិទ្យុ​ជាតិ​និង​អន្តរជាតិ​កាសែត ក្នុង​ស្រុក និង​អន្តរជាតិ​(ទោះ​តិច ឬ​ច្រើន​ក្តី​) ដែល​ចាំ​តែ​សម្ភាស​និង​ចាក់​ផ្សាយ​ពី​សកម្មភាព​សកម្មជន​ទាំង​នោះ​គ្រប់​ពេល នេះ​មិន​ទាន់​គិត​ដល់​គិញ​សម្ងាត់​ដែល​មាន​នៅ​ក្នុង​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​កៀក​នឹង សម្តេច ហ៊ុន សែន តែ​ម្តង ដែល​អ្នក​ទាំង​នេះ សម្ងំ​លាក់​ខ្លួន ប្រមូល​យក​ភ័ស្តុតាង ស្ទាប​ស្ទង់​ផែន​ការ​រាក់​ជ្រៅ​របស់​គណបក្ស​ប្រជាជន សម្រាប់​វាយ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ករណី​ជាក់​ស្តែង​មួយ​ទៀត​ដែល​មើល​ទៅ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពេល​ដែល​អង្គការ​ក្នុង​ស្រុក​អន្តរជាតិ​បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ សិក្សា​ស្រាវ​ជ្រាវ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថា មាន​ភាព​មិន​ប្រក្រតី​ដើម្បី​ហុច​ដៃ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម ហើយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​នានា ដាក់​ភាព​សង្ស័យ​ជា​ផ្លូវ​ការលើ​ឯករាជភាព របស់ គ.ជ.ប ហើយ​តាម​រយៈ​របាយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​សហគមន៍​ អន្តរជាតិ យក​ជា​លេស មិន​ចេញ​មុខ​មក​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ដើម្បី ធ្វើ​ឲ្យ​ទម្ងន់​នៃ​ហេតុ​ផល​សម្រាប់​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ថា​មិន​មាន​សុក្រឹតភាព ដែល​អាច​ទទួល​យក​បាន​។

លើស​ពី​នេះ​ទៀត​ក៏​មាន​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ ថ្លែង​ការណ៍​ថា ពួក​គេ​មិន​អាច​ចូល​រួម​សង្កេត​ការណ៍​បាន​ទេ ដោយ​ផ្អែក​លើ​របាយ​ការណ៍​ខាង​លើ។ ទាំង​នេះ​គឺ​ជា​ការ​រៀប​ចំ​ដ៏​ល្អិត​ល្អន់ និង​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត របស់​ឯកឧត្តម សម រង្ស៊ី។

តែ​ចំណែក​សម្តេច ហ៊ុន សែន ដល់​ពេល​ដែល​ត្រូវ​ធ្វើ គឺ​ធ្វើ​ខុស​រឿង ដូច​ជា​ដោះ​ដូរ​អភិបាល​រាជធានី ខេត្ត ការ​ទៅ​ចូល​រួម​បុណ្យ​សព​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​បាន​ទទួល​អនិច្ចកម្ម​ដោយ​ រោគាពាធ ការ​មាន​ប្រសាសន៍ ក្នុង​ពេល​មាន​កំហឹង តាម​វិទ្យុ និង​ទូរទស្សន៍​ថា ឈប់​ធ្វើ​បុណ្យ ឬ​ប្រទេស​ជាតិ​នឹង​មាន​សង្គ្រាម បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ជា​ដើម​។ ទាំង​នេះ គឺ​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​របស់​ខ្លួន ឬ​ថា «ហុច​ផ្លែ​ដាវ​ឲ្យ​ប្តី ហុច​ដង​ដាវ​ឲ្យ​ចោរ»​។ តែ​ចំណែក​ឯ កូន​ត្រី​ដែល​គ្មាន​ប្រយោជន៍ ចង់​ឡើង​បក ក៏​ឡើង​មិន​កើត សម្តេច ហ៊ុន សែន មិន​រវល់​ទេ​។ ជាក់​ស្តែង​ដូច​ជា​មាន​កូន​ត្រី​សម្អុយ មួយ​ចំនួន​ដែល​មិន​ដឹង​ថា សម្តេច ហ៊ុន សែន ទុក​ធ្វើ​ស្អី។​បើ​ចង់​ងាក​គោល ក៏​ងាក​មិន​កើត ងាក​ស្តេច​(អង្គ)​ក៏​មិន​កើត បោះ​សេះ​ឡើង ក៏​មិន​កើត ម៉េច​មិន​ឲ្យ​គេ​ស៊ី​ទៅ​? យូរៗ​ទៅ​រួញ​ក្រឡា ដោយ​សារ​តែ​កូន​ត្រី​ឥត​ប្រយោជន៍​ទាំង​នោះ​។

ដូច​ជា​ករណី​លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ រហូត​ខ្លួន​គាត់​ផ្ទាល់​ក៏​សារភាព​ដែរ​។ តើ​ទុក​ធ្វើ​ស្អី​? អារ​កាត់​ភឹងៗ​ទៅ​ក្រែង​ចំណេញ​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​ខ្លះ​និង​ សម្លាប់​(​ដោះស្រាយ​បញ្ហា​)កូន​អុក របស់ ឯកឧត្តម សម រង្ស៊ី មួយ​នេះ​ចោល​ទៀត​។ ករណី​អ្នក​ភូមិ​នៅ​បឹង​កក់ និង​បុរី​កីឡា​ក៏​ជា​កូន​ត្រី​បក​ដ៏​ខ្លាំង និង​សំខាន់​របស់​គណបក្ស​ប្រឆាំង​ដែរ ហើយ​សម្តេច ហ៊ុន សែន ខ្លួន​ឯង​ក៏​ដឹង​ដែរ​។ ដូច្នេះ មិន​ដឹង​ទុក​ឲ្យ​រ៉ាំ​រ៉ៃ​ដល់​ណា​ទៀត​ទេ​?​កាន់​តែ​ទុក គឺ​ខាង​គណបក្ស​ប្រឆាំង​កាន់​តែ​ចំណេញ ហើយ ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង អន្តរជាតិ ជា​ពិសេស គឺ​ប្រជាជន​ខ្មែរ ដូច​ជា​បញ្ញវន្ត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដែល​សុទ្ធ​តែ​ជា​អ្នក​ មាន​ឥទ្ធិពល​ចំពោះ​សង្គម​និង​ក្រុម​គ្រួសារ​របស់​គេ​(ម្ចាស់​ឆ្នោត) មើល​ឃើញ កាន់​តែ​ច្បាស់​ពី​ចំណុច​ខ្សោយ​និង​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន​ខ្លួន​ឯង​តែ​ម្តង ដែល​ក្នុង​នាម ជា​អ្នក​លេង​(អុក) ហើយ​ក៏​ជា​អ្នក​ដឹក​នាំ​ម្នាក់ តែ​បែរ​ជា​មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ដាច់​ស្រេច រវាង​ភារកិច្ច និង​មនោសញ្ចេតនា​បក្ខពួក​សាច់​ញាតិ​។

វិធី​សាមញ្ញ​គឺ​សម្តេច គ្រាន់​តែ​ប្រើ​(បេក្ខជន​តំណាង​រាស្រ្ត​ក្មេង​ៗ ដែល​កំពុង​តែ​ឈរ​ឈ្មោះ​)​កូន​ត្រី ដែល​បាន​គ្រោង​ទុក​សម្រាប់​ឡើង​បក​ឲ្យ​ឡើង​ទៅ​ស៊ី (ដោះ​ស្រាយ​បញ្ហា​យក​ស្នាដៃ​) ហើយ​សម្តេច​ចាំ​តែ​ជា​អ្នក​សម្រេច​ទៅ​គឺ​ព្រួញ​មួយ បាញ់​បាន​សត្វ ដល់​ទៅ​បី​ឯណោះ​។ ចំណាយ​តែ​កូន​ត្រី​ស្អុយ​មួយ​ពីរ បាន​មក​វិញ គឺ​ស៊ី​សុទ្ធ​តែ​ត្រី​បក​ហើយ​បាន​ឡើង​កូន​ត្រី​យក​បក​ទៀត។ មាន​ន័យ​ថា បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ គណបក្ស​ប្រឆាំង​អស់​លេស​យក​មក​និយាយ ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ និង​ឲ្យ​គេ​ស្គាល់​តំណាងរាស្រ្ត​ថ្មី​ទៀត​។

សុភាសិត​ខ្មែរ​មួយ​ពោល​ថា ទោះ​ជា​មាន់​មិន​រងាវ ក៏​ថ្ងៃ​នៅ​តែ​រះ​ដែរ​។ ទោះ​ជា​រដ្ឋាភិបាល មិន​ដោះ​ស្រាយ​ក៏​បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដែរ​។ អ៊ីចឹង បើ​ថ្ងៃ​គង់​តែ​រះ​ដដែល គឺ​មាន់​ត្រូវ​រងាវ​ឲ្យ​បាន​មុន អ៊ីចឹង​គេ​ថា​ថ្ងៃ​រះ​ហ្នឹង គឺ​មក​ពី​មាន់​រងាវ​។ តែ​បើ​ថ្ងៃ​រះ​ហើយ មាន់​បែរ​ជា​រងាវ​ទៅ​វិញ គឺ​លែង​មាន​ន័យ​ហើយ​។

ចំពោះ​ករណី លោក ម៉ម សូណង់ដូ វិញ​បើ​កុំ​ទៅ​ចាប់​គាត់ នោះ​ចំណេញ​ជាង តែ​បើ​ចាប់​គាត់​ហើយ ហើយ​ត្រូវ​បាន​គេ បាតុកម្ម ចោទ​សួរ​ដេញ​ដោល ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ទី​បំផុត គឺ​ត្រូវ​បង្ខំ​ចិត្ត​ដោះ​លែង ដដែល​។ នោះ​មាន​ន័យ​ថា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​។

ឥឡូវ​អ្នក​ដែល​ចំណេញ គឺ​គណបក្ស​ប្រឆាំង ក្នុង​ពេល ដែល​លោក ម៉ម សូណង់ដូ កាន់​តែ​មាន​ប្រជាប្រិយ​ភាព។ ចំណែក​ឯ​អ្នក​ខូច​ខាត​គឺ​គណបក្ស ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន គឺ​ខាត​ទាំង​នយោបាយ ខាត​ទាំង​មុខ​មាត់ ខូច​ទាំង​យុទ្ធសាស្រ្ត ដែល​សូម្បី​តែ​តុលាការ​(ដែល​ជា​កូន​អុក សំខាន់​របស់​ខ្លួន​) ក៏​កាន់​តែ​អស់​ជំនឿ​ចិត្ត​ពី​ម្ចាស់​ឆ្នោត ថែម​ទាំង​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​ឲ្យ​គេ​ឯង​ឃើញ​កាន់​តែ​ច្បាស់​។

កូន​ត្រី​ចុង​ក្រោយ​ដែល មិន​គួរ​ទុក គឺ​អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ប៉ុស្ត៍​ទូរទស្សន៍​មួយ​ចំនួន ដែល​លើក​ជើង​ជ្រុល​ទៅៗ​។ ឲ្យ​ពួក​គាត់​និយាយ​កាន់​តែ​ខ្លាំង​គឺ​ខាត​កាន់​តែ​ខ្លាំង​។ ក្នុង​កាលៈទេសៈ​ពី​មុន​ប្រហែល​អាច​ទុក​កូន​ត្រី​នេះ​បាន​សម្រាប់​ការ​បន្លំ​ ភ្នែក​អ្នក​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទៀត​ទេ ពីព្រោះ​កូន​ត្រី​របស់​គណបក្ស​ប្រឆាំង​បាន​វាយ​លុក​ជ្រាប​ដល់​គ្រប់​ទិសទី​ អស់​ហើយ​។

ដូច​ពាក្យ​ចាស់​ពោល​ថា «ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង មិន​ជិត​ទេ ឬ​ថា មិន​អាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បាន​ទេ»។

កូន​ត្រី​មួយ​នេះ មិន​មែន ត្រឹម​តែ​មិន​បាន​ជួយ​គណបក្ស​ប្រជាជន​នោះ​ទេ គឺ​ថែម​ទាំង​បង្កើត​ចំណុច​ខ្សោយ​ឲ្យ​ខាង​គណបក្ស​ប្រឆាំង វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​ថែម​ទៀត​។ អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង​ទាំង​នេះ នឹង​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ភ្លាម ប្រសិន​បើ​មាន​ស្ថានភាព​ប្រែ​ប្រួល​នៅ​ពេល​ណា​មួយ​។

បើ​នៅ​តែ​ប្រើ​វិធី​នេះ​ទៀត នៅ​ក្រោយ​បោះឆ្នោត ២០១៣ នេះ ស្ថានការណ៍ នឹង​កាន់​តែ​ពិបាក​គ្រប់​គ្រង និង​កែច្នៃ​បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង របស់​ឯកឧត្តម សម រង្ស៊ី មិន​បាន​គ្រប់​គ្រង​រដ្ឋាភិបាល​ក៏​ដោយ​។

ការ​ចំណាយ​កូន​ត្រី ទាំង​នេះ គឺ​ដើម្បី​ស៊ី​បាន​គោល​របស់​ឯកឧត្តម សម រង្ស៊ី ហើយ​ឡើង​ត្រី​បក ថែម​ទាំង​បើក​ផ្លូវ​វាយ​លុក​ទៀត មើល​ទៅ គឺ​អាច​ស៊ី​សង​គ្នា​បាន​ហើយ​។

បើ សម្តេច ហ៊ុន សែន កុំ​ស្តាប់​តែ​អ្នក​លើក​ជើង​បញ្ចើច​បញ្ចើ​ហើយ​ចំណាយ​ពេល​តែ ៥នាទី ស្តាប់​ក្រុម​អ្នក​ប្រាជ្ញ ដែល​នៅ​ជុំវិញ​ខ្លួន​លោក​នោះ​នឹង​មាន​វិធី​ដោះស្រាយ​ជា​ច្រើន​ទៀត​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង ស្តួច​ស្តើង តែ​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​បាទ សូម​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕

ដោយ ប៉ែន សុជីវន្ត ពី ខេត្ត រតនគិរី

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s