ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ទំនង​ត្រូវ​ដោះស្រាយ​ចុង​ខែ​នេះ

ផ្ទះ​អ្នក​ភូមិ​បឹង​កក់​ ដែល​ត្រូវ​ក្រុម​ហ៊ុន​ស៊ូ​កា​គូអ៊ីន បូម​ខ្សាច់​កប់​ពន្លិច​កន្លង​មក​​​។ រូបថត ជីវ័ន

ភ្នំពេញៈ លោក​អភិបាល​រាជធានី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ជំនួស​លោក​កែប ជុតិមា នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​នៅ​តំបន់​បឹងកក់​នៅ​ឡើយ​ទេ​ប៉ុន្តែ​បើ​តាម​ មន្ត្រី​លោក​អភិបាល​នឹង​ធ្វើ​ការងារ​នេះ​មិន​ឲ្យ​ហួស​ពី​ចុង​ខែ​នេះ​ឡើយ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ថ្មី នៅ​កំពុង​ធ្វើ​ការ​សិក្សា​នៅ​ឡើយ​ចំពោះ​សំណុំ​ឯកសារ​នៃ​ករណី​ជម្លោះ​ដី​ធ្លី ​នៅ​តំបន់​បឹងកក់ ជាមួយ​មន្ត្រី​ពាក់​ព័ន្ធ​មុន​នឹង​ចុះ​ទៅ​ដល់​សហគមន៍​ផ្ទាល់​។ លោក​បន្ត​ថា ៖ «ឯកឧត្តម នឹង​ដាក់​ពេល​ណា​មួយ​នៅ​ចុង​ខែ​ប្រាំ​នេះ​ដើម្បី​ចុះ​មើល​ទីតាំង​ជាក់​ស្តែង ​ថា​ពលរដ្ឋ​នៅ​តាំង​ពី​ពេល​ណា​មាន​ឯកសារ​អី​ជា​ដើម​ដើម្បី​ដោះស្រាយ​»។

កាល​ពីថ្ងៃ​ទី​៩ ខែ​ឧសភា លោក​ប៉ា សុជាតិវង្ស បាន​ជួប​ជាមួយ​តំណាង​សហគមន៍​បឹង​កក់​ចំនួន ៦ រូប ដើម្បី​ពិភាក្សា​រឿង​បញ្ហា​ដីធ្លី នៅ​តំបន់​នោះ​។ ក្នុង​ជំនួប​នោះ លោក​អភិបាល​បាន​សន្យា​ចុះ​ពិនិត្យ​«សិក្សា​លើ​ករណី​នីមួយៗ នៅ​ចុង​ខែ​ឧសភា​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ប្រសើរ​បំផុត​»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ ដែល​បាន​ស្វាគមន៍​នូវ​ឆន្ទៈ​របស់​អភិបាល​រាជធានី​ថ្មី ក្នុង​ការ​ចង់​រក​ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ ជូន​ប្រជាជន​នៅ​តំបន់​បឹង​កក់​។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​អ៊ូ វីរៈ សរសេរ​ថា​៖ «ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ឆន្ទៈ​បើក​ចំហ របស់​ឯកឧត្តម​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​សន្យា​របស់​ឯកឧត្តម ចំពោះ​សហគមន៍ នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ពិត​ប្រាកដ​»។ លោក អ៊ូ វីរៈ បាន​អំពាវនាវ​ឲ្យ​សាលា​រាជធានី​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​ជា​ផ្លូវ​ការ​ណា​ មួយ​ជាមួយ​ប្រជា​សហគមន៍​បឹងកក់​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​ពិភាក្សា​លើ​ ផែន​ការ​ជាក់​លាក់​រក​ដំណោះស្រាយ​បញ្ហា​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​សង្គម​ ស៊ីវិល​ផង​ដែរ។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ប៉ា សុជាតិ​វង្ស​តំណាង​ពលរដ្ឋ ក៏​បាន​ដាក់​ញ្ញត្តិ​បញ្ជាក់​ពី​ការ​ស្នើ​សុំ​ឲ្យ​បោះ​ព្រំ​ដី​បញ្ចូល​អ្នក​ ភូមិ​៤៨ គ្រួសារ​ទៀត​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង​និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ទាំង​នោះ​។

អនុក្រឹត្យ​របស់​រាជ រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី១១ សីហា ២០១១ បាន​សម្រេច​កាត់​ដី​ទំហំ ១២,៤៤​ហិកតា ប្រគល់​ឲ្យ​អ្នក​ភូមិ​ដែល​ពុំ​ព្រម​ចាក​ចេញ​សម្រាប់​សង់​លំនៅឋាន​នៅ​នឹង​ កន្លែង​។ តំណាង​សហគមន៍​បឹងកក់​ក៏​បាន​ទាមទារ​ឲ្យ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​ពី​ ភូមិ​និង​ជា​ពិសេស​ត្រូវ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

អ្នក​ស្រី គង់ ចាន់ថា តំណាង​ម្នាក់​របស់​ពលរដ្ឋ​នៅ​សហគមន៍​បឹង​កក់​បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​សូម​ស្វាគមន៍ ចំពោះ​លោក​អភិបាល​រាជធានី​ថ្មី​ដែល​បាន​បង្ហាញ​ពី​បំណង​អាទិភាព​ក្នុង​ អាណត្តិ​របស់​លោក ដើម្បី​ជួយ​ដល់​អ្នក​មាន​វិបត្តិ​ដី​ធ្លី។ អ្នក​ស្រី​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​អ្នក​ភូមិ​នឹង​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​ មហាក្សត្រ នរោត្តម សីហមុនី នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ទូល​សុំ​ឲ្យ​ព្រះ​អង្គ លើក​លែង​ទោស​ដល់​អ្នក​សី្រ យ៉ោម បុប្ផា​ដែល​កំពុង​ជាប់​ពន្ធនាគារ ដោយ​សារ​ករណី​ដីធ្លី​ប៉ុន្តែ​បែរ​ជា​ត្រូវ​រដ្ឋាភិបាល​ថា ជា​ករណី​ព្រហ្មទណ្ឌ​ទៅ​វិញ​។

អ្នក​ភូមិ​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​ស្ទើរ​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ ឆ្នាំ​២០០៨ មក​នៅ​ពេល​ដែល​ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន បាន​ចាប់​ផ្តើម​ធ្វើ​ការ​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ​របស់​ពួក​គាត់ ខណៈ​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​ផ្តល់​សំណង​នៅ​ឡើយ​។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​សង្ឃឹម​ថា ដំណោះ​ស្រាយ​របស់​លោក​អភិបាល​ថ្មី ចំពោះ​អ្នក​ភូមិ​បឹង​កក់ នា​ពេល​ខាង​មុខ នឹង​ក្លាយ​ជា​ការ​សហការ​គ្នា​ល្អ​។ លោក​បាន​ថ្លែង​ថា៖«លោក​អភិបាល​ថ្មី មាន​រឿង​អាទិភាព​ច្រើន​ណាស់​ត្រូវ​ដោះស្រាយ គឺ​រឿង​ណា​ត្រូវ​ធ្វើ​មុន​រឿង​ណា​ធ្វើ​ក្រោយ ដូច្នេះ​សូម​ពលរដ្ឋ​អត់​ធ្មត់ ហើយ​សហការ​គ្នា​មិន​មែន​ប្រឆាំង​គ្នា​យក​ការ​តវ៉ា​និង​ចុះ​បិទ​ផ្លូវ​នោះ​ទេ ​»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s