ខួបចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរ (សីហមុនី) គម្រប់ ៦០ព្រះវស្សា យាងចូល ៦១ ព្រះវស្សា

ភ្នំពេញ៖ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបិតា របស់ព្រះអង្គ បានដាក់រាជ្យកាល ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

ព្រះករុណា មានព្រះអនុជ (ប្អូន) ប្រុសម្នាក់ ព្រះនាម នរោត្តម នរិន្រ្ទៈពង្ស ប៉ុន្តែព្រះអនុជរបស់ព្រះអង្គនោះ បាន សុគតរួចទៅហើយ។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ គឺគំរប់ព្រះជន្ម៦០ព្រះវស្សា និងយាងចូល៦១ ព្រះវស្សា។

មុនពេលដែលទ្រង់ក្លាយជា ព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានដំឡើង ជា “សម្ដេចព្រះបរមនាថ” នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។

បន្ទាប់ពីព្រះបិតា សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើស តាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុង ព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖
“ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ បូរណ សន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”។

ប្រែសេចក្ដីថា “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និង ភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ”។
នៅក្នុងឱកាសនោះ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះរាជបន្ទូល ថា «ខ្ញុំព្រះករុណា ខ្ញុំ ដែលបានទទួលមហាកិត្តិយស ជាព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ បន្តពីព្រះវររាជបិតា ជាព្រះបិតាជាតិ ព្រះមហាវីរៈក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ។ ក្នុង ឱកាសដ៏ឧត្តុង្គឧត្តម ជាសិរីជ័យមង្គលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំមានហប្ញទ័យរំភើបរីករាយជាអនេក ដោយមានឱកាស និងមានលទ្ធភាព បូជាកម្លាំងកាយ ចិត្ត និង បញ្ញាញាណ បំរើមាតុភូមិ និងប្រជារាស្រ្ត ព្រមទាំងបានបន្តនូវព្រះរាជប្រពៃណី និងស្នាព្រះហស្ថរុងរឿងពីព្រះវររាជបិតា ព្រះអយ្យកោ ព្រះអយ្យកោទួត ក្នុងអតីតកាលដ៏ថ្កើងថ្កាន ដែលព្រះអង្គបានត្រួសត្រាយទុកដ៏យូរលង់ណាស់មកហើយ ឲ្យបានស្ថិតថេរគង់វង្ស តទៅថ្ងៃមុខទៀត»។

តាមប្រតិទិនប្រចាំឆ្នាំ២០១៣ ដែលចេញដោយគណៈកម្មការស្រាវជ្រាវវិជ្ជាសាស្រ្ត និងទំនៀមទំលាប់ខ្មែររបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានប្រកាសឲ្យប្រើប្រាស់ និងឲ្យអនុវត្តដោយ រាជរដ្ឋាភិបាលកម្ពុជា គឺថ្ងៃទី១៣-១៤ និង១៥ ខែឧសភា ជាថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មនេះ មន្រ្តីរាជការ និងអ្នកបំរើការងារ នៅតាមស្ថាប័នឯកជនភាគច្រើន ត្រូវបានឲ្យឈប់សំរាក។ ចំពោះគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរ ដែលមហាជនទូទៅសង្កេតឃើញ មានដាក់ តាំងព្រះឆាយាលក្ខណ៍ (រូបថត) ព្រះករុណា នៅប្រាសាទច័នឆាយា (ព្រះមរមរាជវាំង) តាមសូនច្បារ សួនឧទ្យាន រង្វង់មូលខ្លះ អបដោយសារជូនពរ ដែលសរសេរថា សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្មវស្សា សូមព្រះអង្គប្រកប ដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។ នៅតាមក្រសួង-ស្ថាប័នមួយចំនួន ក៏បានដាក់តាំង ព្រះឆាយាលក្ខណ៍ និងតុបតែងស៊ុមរូបថត មានក្យូរក្បាច់ ភ្លើងពណ៌អគ្គីសនីរស់រវើក ព្រមទាំងពេលរាត្រី មានបាញ់កាំជ្រួចអបអរសាទរផងដែរ។

ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់សម្តេចបរមនាថ នរោត្តម សីហ មុនី គឺ៖
– ឆ្នាំ១៩៥៩-១៩៦២ សិក្សានៅសាលាបឋមសិក្សានរោត្តម-វិទ្យាល័យដេកាត (ភ្នំពេញ) ព្រះរាជាណាចក្រកម្ពុជា ។
– ឆ្នាំ១៩៦២-១៩៦៧ សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យ (ប្រាគ្រ) ប្រទេស ឆេកូស្លូវ៉ាគី។
– ឆ្នាំ១៩៦៧-១៩៧១ សិក្សាផ្នែកសិល្បៈ (របាំ, តូរ្យតន្រ្តី, ល្ខោន) នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ្រ ប្រទេសឆេកូស្លូវ៉ាគី។
– ឆ្នាំ១៩៧០ ទទួលបានមធ្យមសិក្សាបត្រនៅប្រាគ្រ ប្រទេសឆេកូស្លូវ៉ាគី (និទ្ទេស ល្អណាស់)។
– ឆ្នាំ១៩៧១ ទទួលបានរង្វាន់លេខ ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថាន អភិរក្សជាតិប្រាគ្រ ប្រទេសឆេ កូស្លូវ៉ាគី។
– ឆ្នាំ១៩៧១-១៩៧៥ សិក្សានៅឧត្តមសិក្សាផ្នែករបាំ តូរ្យតន្រ្តី និងល្ខោន នៅបណ្ឌិតសភានៃផ្នែកវិជ្ជាតូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។
– ឆ្នាំ១៩៧៥ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈ (របាំតូរ្យតន្រ្តីល្ខោន) នៃបណ្ឌិតសភាផ្នែក វិជ្ជាតូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។
– ឆ្នាំ១៩៧៥ និពន្ធនិក្ខេបបទស្តីពី ទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។
– ឆ្នាំ១៩៧៥-១៩៧៦ សិក្សានៅឧត្តមសិក្សាផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិត ប្រជាធិប តេយ្យកូរ៉េ។
– ឆ្នាំ១៩៧៦-១៩៧៩ ជាប់ឃុំខ្មែរក្រហមជាមួយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេច ព្រះរាជអគ្គមហេសី និងព្រះអនុជព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទៈពង្ស។
– ឆ្នាំ១៩៧៩-១៩៨០ ព្រះលេខាផ្ទាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះរាជ អគ្គមហេសី ក្នុងពេលព្រះអង្គគង់ប្រថាប់នៅបរទេស។
– ឆ្នាំ១៩៨១-២០០០ សាស្រ្តាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្ស នៅវិទ្យាស្ថានអភិរក្ស MARIU PETIPA GABRIEL FAURE and WAMOZART នៅក្រុងប៉ារីស។
– ឆ្នាំ១៩៨៤-១៩៨៨ ជាប្រធានសមាគមបណ្ឌិតសភា ផ្នែករបាំខ្មែរ នៅប្រទេសបារាំង និងជាអគ្គនាយកក្រុមរបាំ BALLET DEVA។
– ឆ្នាំ១៩៨៨-១៩៩៣ អគ្គនាយកនៃក្រុមហ៊ុនភាពយន្តឯកសារខេមរាកម្ពុជា គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបាន បង្កើតស្នាព្រហស្ថ ការកសាងខ្សែភាពយន្ត របាំបាលេចំនួន២ខ្សែ Rêve et Les 4 Éléments។
– ឆ្នាំ១៩៩២-១៩៩៣ ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជា ជាតិ ដោយឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា។
– ឆ្នាំ១៩៩៣-២០០៤ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ យូនេស្កូ ប្រទេសបារាំង។
– ឆ្នាំ២០០៤ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង។
– ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះបរមងារជា ស្តេចក្រុមឃុន។
– ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងសម្តេចក្រុមឃុន ជាឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
– ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះមហាក្សត្រប្រោសប្រទានដំឡើងបរមងារជា សម្តេចព្រះបរម នាថ នរោត្តម សីហមុនី។
– ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រ កម្ពុជា ដោយសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។
– ភាសា៖ ក្រៅពីភាសាជាតិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គចេះភាសាបារាំង ឆេក និងភាសា អង់គ្លេស។
-គ្រឿងឥស្សរិយយស៖
• ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
• មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍។
• Grand Officer de la legion d’honneur នៃប្រទេសបារាំង។
• Medaille d’argent de la ville de Paris នៃសាធារណរដ្ឋបារាំង៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s