គ្រូ​​បង្រៀន​​​ជាប់​​ចោទ ​​​ប្រទូស្ត​​កេរ្តិ៍​​ សិស្ស​ស្រី​​​4​​នាក់​ មាតា​​បិតា​​នាំ​​កូន​​ៗ​​មក ​​តវ៉ា​​ដល់​​មន្ទីរ​​អប់​រំ​​​សុំ​ឱ្យ​​ដូរ​​គ្រូ​

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលាបឋមសិក្សាថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរជាច្រើននាក់ រួមទាំងឪពុកម្តាយ និងអាណាព្យាបាលផង កាលពីរសៀលថ្ងៃទី២៧ ឧសភា បាននាំគ្នាមកការិយាល័ យសិទ្ធិមនុស្សអាដហុក និងបានបន្តទៅមន្ទី រអប់រំយុវជនកីឡា ខេត្តកំពង់ឆ្នាំងទៀតដោយសុំឱ្យដក គ្រូបង្រៀនម្នាក់ឈ្មោះកែម ចាន់ឆេន ឱ្យបញ្ឈប់បង្រៀនសិស្សបន្តទៀត ។ បណ្តឹងនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ ក្នុងបទប្រទូស្តកេរ្តិ៍លើសិស្សស្រីខ្លួនឯង ជាច្រើននាក់រហូតមានបណ្តឹងជាបន្ត បន្ទាប់មកកាន់កងរាជអាវុធហត្ថខេត្ត ដែលសំណុំរឿងនេះពុំទាន់បាន ដោះស្រាយនៅឡើយនោះទេ ។

មូលហេតុដែលសិស្ស និងឪពុកម្តាយអាណាព្យាបាល មកសុំជួយអន្តរាគមន៍ឱ្យដក លោកគ្រូបង្រៀននោះចេញ ក៏ព្រោះតែបន្ទាប់ពីពួកគាត់ដាក់ ពាក្យបណ្តឹងរួចមក គឺមានសិស្សខ្លះជាដើមបណ្តឹង សិស្សខ្លះជាសាក្សីក្នុងបណ្តឹង នៅពេលចូលថ្នាក់រៀនជួបមុខគ្រូនោះ គឺសិស្សទាំងនេះនាំគ្នាបាក់ខ្លបខ្លាច ពីព្រោះលោកគ្រូនោះ ធ្លាប់ប្រព្រឹត្តអំពើមិនល្អមកលើសិស្សស្រីខ្លួនឯង ដែលមានអាយុ១៤ឆ្នាំជាច្រើននាក់កន្លងមក ។ និយាយរួម ភាគីសិស្សជាដើមបណ្តឹងនិងភាគីចុងចម្លើយជា គ្រូមិនអាចរៀនក្នុងថ្នាក់ជាមួយគ្នាបានទេ ។

លោកម៉ែន សុត អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ជំនួសឱ្យលោកប្រធានមន្ទីរដែលជាប់ បេសកកម្មបាននិយាយទៅកាន់ឪពុកម្តាយ និងអាណាព្យាបាលសិស្សទាំងអស់ថា លោកនឹងដោះស្រាយ ប៉ុន្តែសុំឱ្យធ្វើពាក្យបណ្តឹងមកម្តងទៀត កុំមកដៃទទេគ្មានឯកសារ លិខិតស្នាមបែបនេះមិនផ្លូវការទេ។ ទោះយ៉ាងណាលោកគ្រូឈ្មោះកែម ចាន់ឆេន អាយុ៣៥ឆ្នាំ បានបដិសេធការចោទ ប្រកាន់នេះរួចហើយ ខណៈមន្ត្រីកងរាជអាវុធហត្ថកោះហៅ រូបគាត់មកសាកសួរកាលពីថ្ងៃទី២៤ ឧសភា រួមជាមួយនឹងនាយកសាលាផងដែរ ។

សូមរំឭកថា លោកគ្រូបង្រៀនសិស្សថ្នាក់ទី៦(ក) នៃសាលាបឋមសិក្សាថ្មកែវ ឈ្មោះកែម ចាន់ឆេន បានរងការប្តឹងចោទប្រកាន់ពីសិស្ស ស្រីខ្លួនឯងមានអាយុ១៤ឆ្នាំ ចំនួន៤នាក់ដោយប្តឹងចោទ ប្រកាន់ក្នុងបទប្រទូស្តកេរ្តិ៍ ដែលបានប្រព្រឹត្តក្នុងរយៈកាលកន្លងមក ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងដៃកង រាជអាវុធហត្ថនៅឡើយ ។ លោកលឹម ហាក់ នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទទួលពាក្យបណ្តឹងក្នុង សំណុំរឿងខាងលើនេះបាននិយាយឱ្យដឹងថា លោកពុំទាន់បានបញ្ជូនសំណុំរឿងនេះ ទៅតុលាការនៅឡើយទេ គឺធ្វើមិនទាន់ ព្រោះសំណុំរឿងដល់ទៅ៤ប្តឹងគ្រូម្នាក់ មិនមែនលោកមិនចង់បញ្ជូនទេ ។

លោកបន្ថែមថា ឥឡូវខាងប៉ូលិសខេត្តក្រោយពី បែករឿងអាស្រូវនេះមក ក៏កំពុងចុះស្រាវជ្រាវដែរ ។ លោកក៏បាននិយាយដែរថា ខាងអាណាព្យាបាលសិស្សបានឱ្យ គាត់ជួយបញ្ឈប់គ្រូនោះដែរ តែលោកថា លោកគ្មានសិទ្ធិទេ មានតែខាងមន្ទីរអប់រំដែលអាចបញ្ឈប់បាន ។ លោកបញ្ជាក់ថា បើមិនដក ឬប្តូរគ្រូថ្មីជាបណ្តោះអាសន្នទេ សិស្សមួយថ្នាក់នឹងមិនចូលរៀនទេ គឺប៉ះពាល់ដល់ការរៀនសូត្រ របស់សិស្សជាមិនខាន ។ ក្នុងពាក្យប្តឹងរបស់សិស្សស្រីទាំង៤នាក់ខាងលើ គឺបានប្តឹងប្រហាក់ប្រហែលគ្នាថា ក្នុងអំឡុងចាប់ពីខែកុម្ភៈ មកដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៣ ឈ្មោះ កែម ចាន់ឆេន តែងលបចាប់ឱបពួកនាង ដែលមានអាយុ១៤ឆ្នាំ ពីក្រោយ និងបានច្របាច់សុដន់នាងជារឿយៗ ខណៈនាងនៅក្នុងថ្នាក់ម្នាក់ឯង ពេលសិស្សឯទៀតចេញលេង ។

ពេលខ្លះបានធ្វើបែបនេះនៅផ្ទះគ្រូបង្រៀនខាងលើ នៅពេលដែលពួកនាងទៅរៀនគួរនៅផ្ទះគាត់ ពេលប្រពន្ធគាត់មិននៅផ្ទះ ។ ក្នុងចំណោមសិស្សស្រីដែលមានអាយុ១៤ឆ្នាំ ទាំង៤នាក់ មានម្នាក់បានប្តឹងថា មានពេលមួយនោះ លោកគ្រូបានចាប់នាងបីដាក់លើតុ រួចចាប់សើយសំពត់ ដោយបំណងអាក្រក់លើសហ្នឹងទៀត តែនាងប្រឹងរើបម្រះហើយរត់រួចទាំងដាច់ ក្រវិលនាងបាត់មួយចំហៀងទៀតផង ។ មានសិស្សម្នាក់ទៀតនិយាយថា មានពេលមួយដោយទ្រាំមិនបាន នឹងអំពើថោកទាបនេះ នាងស្រវាបានអង្កត់មួយក៏វាយ ក្បាលគ្រូនោះមួយអង្កត់អុស ហើយចាប់ពីពេលនោះមកគ្រូនោះ មិនសូវហ៊ានជាមួយនាងប៉ុន្មានឡើយ ។

ក្នុងចំណោមសិស្សស្រីទាំង៤នាក់ ដែលដាក់ពាក្យប្តឹង មានសិស្សស្រីម្នាក់ដែលហ៊ានវាយក្បាល គ្រូមួយអង្កត់អុស បានទៅប្រាប់ឪពុកម្តាយសិស្សស្រីម្នាក់ទៀត ដែលរងគ្រោះដូចគ្នា ទើបបែកធ្លាយរឿងនេះ ហើយឪពុកម្តាយបានសួរនាំដឹងរឿង ក៏នាំមកដាក់ពាក្យប្តឹងជាបន្តបន្ទាប់ ។ ក្នុងបណ្តឹងសិស្សស្រីទាំង៤នាក់បានបន្ថែមថា រាល់ទង្វើរបស់លោកគ្រូបង្រៀនរូបនោះ ត្រូវបានគ្រូនោះគំរាមថា បើហ៊ានយករឿងនេះទៅប្រាប់គេ ឬប្រាប់ឪពុកម្តាយ នឹងឱ្យធ្លាក់មិនឱ្យឡើងថ្នាក់ឡើយ ក្រៅពីនោះ ក្រោយពេលប្រព្រឹត្តម្តងៗ គ្រូនេះតែងលួងសិស្សដូចជាឱ្យលុយជាដើម ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោកគ្រូបង្រៀនរូបនោះបដិសេធថា ខ្លួនមិនដែលបានប្រព្រឹត្តដូចការ ចោទប្រកាន់ខាងលើឡើយ ចំណែកការប៉ះពាល់គឺដោយសារ សិស្សទាំងនោះពេលខ្លះប្រឡែងគ្នា ហើយដួលមកលើគាត់ គាត់ក៏យកដៃទប់ តែមិនដឹងប៉ះត្រង់ណាទេ ព្រោះគាត់គ្មានចេតនាអ្វីឡើយ ។ ចំណែកគ្រូបង្រៀនដែលមកជាមួយ រួមមាននាយកសាលាផង បានអះអាងថា គ្រូបង្រៀនរូបនេះស្លូតបូតណាស់ មិនអាចមានរឿងបែបនេះទេ ពួកគាត់មិនជឿថា គាត់ហ៊ានប្រព្រឹត្តបែបនេះទេ ។ ទោះជាយ៉ាងណាក្តី លោក លឹម ហាក់ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរួចហើយ ដោយចោទក្នុងបទប្រទូស្តកេរ្តិ៍ និងរង់ចាំតែខាងព្រះរាជអាជ្ញាអម សាលាដំបូងខេត្តហៅសាកសួរ និងត្រូវចោទ ឬមិនចោទប្រកាន់តែប៉ុណ្ណោះ ៕

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s