នាង​ក្រមុំ​បាត់​ខ្លួន​20​ថ្ងៃ​ឃើញ​សព​រលួយ​នៅ​ក្នុង​ព្រៃ

ខេត្តប៉ៃលិន ៖ នារីរូបស្រស់ម្នាក់ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១១ ឧសភា ២០១៣ ត្រូវបានគេប្រទះឃើញ សពហើមស្អុយរលួយកាលពី ម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣១ ឧសភា នៅក្នុងគុម្ពោតព្រៃមួយកន្លែង ចម្ងាយប្រមាណ៣៧០ ម៉ែត្រ ពីភូមិអូរទទឹង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ចំណែកឪពុកម្តាយនារីរងគ្រោះ បានស្គាល់ ដោយសារសម្លៀកបំពាក់ និងស្បែកជើង ហើយក៏យកសពទៅផ្ទះដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី នៅខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា នារីរងគ្រោះដែលបាន បាត់ខ្លួនអស់រយៈពេលជាង ២០ថ្ងៃនេះឈ្មោះ ពិន សុភ័ស្ត អាយុ២៣ឆ្នាំ ជាអ្នកលក់បង្អែមនៅជាប់ របងសាលាខេត្តប៉ៃលិន មានឪពុកឈ្មោះ ពិន ប៉ន អាយុ៥៣ឆ្នាំ ម្តាយឈ្មោះ ឡុំ សុខន អាយុ៤៣ឆ្នាំ រស់នៅភូមិប៉ាហ៊ីខាងត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពី ឪពុកម្តាយនារីរងគ្រោះបានឱ្យ ដឹងថា តាមការពិនិត្យសពបញ្ជាក់ថា នេះពិតជាកូនស្រីរបស់ ពួកគាត់មែន ដោយនាងបាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ ឧសភា ២០១៣ ។

នៅព្រឹកថ្ងៃបាត់ខ្លួន នាងពាក់អាវយឺតដៃវែងពណ៌កាហ្វេ ស្លៀកខោខូវប៊ុយពណ៌ខៀវ ព្រលែតជើងវែង និងពាក់ស្បែកជើងចំពាមពណ៌លឿង ។ នាងបានសុំឪពុកម្តាយ យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1A-7909 ជិះទៅព្រំដែនកម្ពុជា-ថៃ ព្រោះមានមិត្តភក្តិម្នាក់ ឈ្មោះស្រីណែត ភេទស្រី អាយុប្រហែល២៣ឆ្នាំ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទូរស័ព្ទបបួលនាងថានាំទៅ យកលិខិតឆ្លងដែនទៅស្រុកថៃ ។

ប្រភពដដែលបានបន្តទៀតថា លុះក្រោយមកទៀតស្រាប់តែមាន មិត្តប្រុសរបស់នាងឈ្មោះរិន អាយុប្រហែល២៥ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានទូរស័ព្ទប្រាប់ថា រូបគេឱ្យនាងជិះម៉ូតូទៅយកលុយ ចំនួន៥០ដុល្លារដោយរូបគេទុកនៅឯ ស្រុកសំឡូត ។ តាំងពីនោះមកក៏បាត់ដំណឹង នាងរៀងរហូត មិនដឹងថា ទៅព្រំដែនជាមួយ មិត្តស្រីរបស់នាងឬទៅស្រុកសំឡូត ខេត្តបាត់ដំបង ។

លុះនៅថ្ងៃទី៣១ ឧសភា វេលាម៉ោងជាង១០ព្រឹក ខណៈមានអ្នកភូមិម្នាក់រស់នៅភូមិអូរទទឹង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទៅចងគោឱ្យស៊ីស្មៅនៅ ក្បែរគុម្ពោតព្រៃមួយធុំក្លិនស្អុយ ក៏ចូលទៅមើលស្រាប់តែប្រទះ ឃើញសពតែម្តង រួចផ្តល់ដំណឹងមក ពួកគាត់ជាឪពុកម្តាយ ទើបទៅពិនិត្យមើលដឹង ច្បាស់ថាជាកូនស្រីរបស់គាត់ប្រាកដមែន ។

សមត្ថកិច្ចផ្នែកកោសល្យវិច័យខេត្តបានទៅពិនិត្យ និងសន្និដ្ឋានថា នេះជាករណីប្លន់សម្លាប់ព្រោះនៅ ក្បែរសពគេសង្កេតឃើញមានដំបងមួយ ធំប៉ុនកជើងប្រវែងជាងកន្លះម៉ែត្រ តែដោយសារសពស្អុយរលួយ មិនអាចពិនិត្យឱ្យដឹងថា ជនរងគ្រោះត្រូវគេវាយ ចំកន្លែងណាខ្លះនោះទេ ។ ទាក់ទិនទៅនឹងបញ្ហានេះសមត្ថកិច្ចបានបំភ្លឺថា ការស្លាប់របស់នារីរងគ្រោះគឺសង្ស័យថា ជាមនុស្សស្និទ្ធស្នាលនឹង នាង ល្បួងបបួលនាំជិះម៉ូតូតាមផ្លូវ ទៅកន្លែងកើតហេតុ ហើយពេលស្ងាត់មនុស្សមាន ឱកាសក៏ប្លន់សម្លាប់នាងយកម៉ូតូតែម្តងទៅ ។ ពេលនេះ ក្រុមគ្រួសារបានយកសពមកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យបូជាតាមប្រពៃណី៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s